www.aub.edu.kh

navigate_nextព័ត៌មាន សាកលវិទ្យាល័យnavigate_nextភាគហ៊ុនិក

ភាគហ៊ុនិក

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា បានចាប់បដិសន្ឋិ ឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន។ នៅក្នុងឆ្នាំ២០០០ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឲ្យធនាគារ អេស៊ីលីដា មានលទ្ធភាពបំពេញទៅតាមតម្រូវការរបស់អតិថិជននូវសេវាធនាគារបានទូលំទូលាយថែមទៀត។ ធនាគារ អេស៊ីលីដា គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ដោយទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិកំពូល Standard & Poor និង GIIRS។ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការផ្តល់ចំណាត់ថ្នាក់ដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិគឺ Standard & Poor's និង GIIRS។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមាជិកធនាគារមានចំនួនសរុប ១៣.៥៨២ និងមានកម្មករនិយោជិកចំនួន ១២.០៨៣ និងទ្រព្យសម្បត្តិសរុបចំនួន៨.៩១៨លានដុល្លារអាមេរិក ឥណទានដែលផ្ដល់ឱ្យអតិថិជនមានចំនួន ៦.២៤៦លានដុល្លារអាមេរិក និងមានប្រាក់បញ្ញីចំនួន ៦.២៨០ លានដុល្លារអាមេរិក។ បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី មានបម្រើសេវាដូចជា សេវាធនាគារ ឌីជីថល សេវាបញ្ញើ-សន្សំ ផ្ដល់ឥណទាន សេវាផ្ទេរប្រាក់ សេវាចាត់ចែងសាច់ប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្ដូរប្រាក់ ភតិសន្យាហិរញ្ញវត្ថុ សេវាធានារ៉ាប់រងអាយុជីវិត (បានចាប់ដៃគូជាមួយក្រុមហ៊ុនព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ និងហ្វតតេ) ទីប្រឹក្សាធនាគារ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ ស្របទៅតាមតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏ទទួលបានអាជ្ញាប័ណ្ណពីនិយ័តករបរធនបាលកិច្ច ជាប្រតិបត្តិករ ធនបាលកិច្ច ដើម្បីផ្តល់សេវារក្សាទុក ឬ Escrow នៅក្នុងវិស័យបរធនបាលកិច្ច។

សម្រាប់ព័ត៌មានបន្ថែម www.acledabank.com.kh

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់

AFT ជាអ្នកបន្តវេនពី អង្គការ អេស៊ីលីដា ដោយអនុលោមតាមអនុក្រឹត្យលេខ: ៤៧៦ អនក្រ-បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបរធនបាលកិច្ចហិរញ្ញវត្ថុ និងប្រកាសលេខ: ១០៤១ សហវ-ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រង និងការត្រួតពិនិត្យបរធនបាលកិច្ចហិរញ្ញវត្ថុ។ AFT បានទទួលវិញ្ញាបនបត្រចុះបញ្ជីបរធនបាលកិច្ចហិរញ្ញវត្ថុ លេខៈ ២៦៩ សហវ.អឧហ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានការិយាល័យចុះបញ្ជីនៅអគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

AFT មានគោលបំណង និងតួនាទី ដូចខាងក្រោម៖

  • បង្កើតនូវកាលានុវត្តភាពការងារ និងផ្តល់ប្រភពចំណូល ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។
  • ជួយលើកស្ទួយ និងជួយគ្រាំទ្រដល់ការរីកចម្រើន នៃវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច រួមមាន វិស័យធនាគារ និងហិរញ្ញវត្ថុ និងផ្តោតសំខាន់ទៅលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
  • លើកស្ទួយកាលានុវត្តភាពសេដ្ឋកិច្ច និងអប់រំដល់យុវជន និងប្រជាពលរដ្ឋដែលមានចំណូលទាប។
  • ចូលរួមចំណែកការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មហិរញ្ញវត្ថុ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។

AFT ជាភាគហ៊ុនិកមួយរបស់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលបានបង្កើតឡើង អនុលោមតាមច្បាប់នៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានគោលដៅលើកទឹកចិត្តដល់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ឱ្យប្រកាន់ខ្ជាប់នូវគោលបំណង ដើម្បីគាំទ្រដល់ វិស័យអប់រំនៅប្រទេសកម្ពុជា សេដ្ឋកិច្ចសង្គម និងរក្សានូវសញ្ជាតិជាក្រុមហ៊ុនខ្មែរ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ AFT ត្រូវបន្តអនុវត្តដោយផ្ទាល់ និងដាច់ដោយឡែកនូវគោលបំណងមិនរកប្រាក់ចំណេញ ដូចបានរៀបរាប់ខាងលើ។ AFT ធ្វើសកម្មភាពជាប្រយោជន៍ដល់ជនទូទៅ និងមិនអនុវត្តគោលបំណងចម្បង ដើម្បីផលប្រយោជន៍ពាណិជ្ជកម្មឯកជនផ្ទាល់ខ្លួនឡើយ។ AFT មិនមែនជាស្ថាប័ននយោបាយ និងមិនចំណុះឱ្យគណៈបក្សនយោបាយណាមួយឡើយ។ AFT អាចប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុ ដូចបានកំណត់ក្នុងលក្ខន្តិកៈនេះតែប៉ុណ្ណោះ។ គ្មានបុគ្គលណាមួយទទួលបានអត្ថប្រយោជន៍ ពីការផ្តល់តម្លៃការខ្ពស់ដោយវិសមាមាត្រ ឬទទួលបានពីការចំណាយ ដែលផ្ទុយទៅនឹងគោលបំណងនៃ AFT ឡើយ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៣ ចំនួនអ្នកទស្សនាថ្ងៃនេះ: ២៤៥ ចំនួនអ្នកទស្សនាពីម្សិល: ១.៨៤១
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ