www.aub.edu.kh

navigate_nextសេវាកម្មnavigate_nextAcademic Programsnavigate_nextមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាnavigate_nextព័ត៌មានថ្មីៗnavigate_nextអបអរសាទរពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គសិក្សា ជូលដល់សិស្ស-និស្សិតវគ្គភាសាបរទេស នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

អបអរសាទរពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គសិក្សា ជូលដល់សិស្ស-និស្សិតវគ្គភាសាបរទេស នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៥ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា (FAL) នៃសាកលវិទ្យា-ល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) បានរៀបចំពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គសិក្សាភាសាបរទេស ឆ្នាំ២០២៥ ជូនដល់និស្សិតប្រមាណ ២០០ នាក់ ដែលបានបញ្ចប់កម្មវិធីសិក្សាដោយជោគជ័យសម្រាប់វគ្គភាសាចិនកម្រិតទូទៅ (GCP) ភាសាអង់គ្លេសកម្រិតទូទៅ (GEP) និង ភាសាអង់គ្លេសសម្រាប់ថ្នាក់បរិញ្ញាបត្រ (EAP)។

កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា រួមជាមួយ លោក រដ្ឋ រតន: សាកលវិទ្យាធិការរង និងជាប្រធានសិក្សាធិការ លោកព្រឹទ្ធបុរស មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា រួមទាំងលោកគ្រូ-អ្នកគ្រូ និងមាតាបិតារបស់សិស្ស-និស្សិតផងដែរ។កម្មវិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យទាំងមូល ក្នុងការបង្កើតធនធានមនុស្សដែលមានសមត្ថភាពប្រកួតប្រជែង និងអាចបំពេញតម្រូវការនៃទីផ្សារអាជីពការងារជាសកល ភាពនិស្សិតឆ្នើម និងការត្រៀមខ្លួនជាស្រេចសម្រាប់ពិភពលោកនាពេលអនាគត។

សិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សាបានចែករំលែកបទពិសោធន៍ និងចំណាប់អារម្មណ៍ដ៏មានអត្ថន័យដែលបង្ហាញពីឥទ្ធិពលនៃការផ្លាស់ប្ដូរជីវិតក្នុងការសិក្សាភាសាដូចតទៅនេះ៖

  1. ឡេង ស៊ាកឡេង (និស្សិត GCP)៖ "ការសិក្សាភាសាចិន មិនមែនគ្រាន់តែជាការរៀនអក្សរទេ ប៉ុន្តែជាការទទួលយកវិធីគិតថ្មីមួយ។ កម្មវិធីនេះបានបង្កើនវិន័យក្នុងខ្លួនខ្ញុំផ្ទាល់ និងបើកឱកាសដ៏ធំទូលាយនៅទីផ្សារតំបន់"។
  2. ជីវ សុខារី (និស្សិត GEP)៖ "ភាសាអង់គ្លេសមិនមែនជាមុខវិជ្ជាទេ ប៉ុន្តែជាជីវិតទីពីរ។ ខ្ញុំបានឆ្លងកាត់ការលំបាក និងការរៀនយប់ជ្រៅជាញឹកញាប់ ព្រោះខ្ញុំដឹងថា សញ្ញាបត្រនេះគឺជាសំបុត្រឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើររបស់ខ្ញុំ"។
  3. ហេង ម៉ីជីញ (និស្សិត EAP)៖ "សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា មិនត្រឹមតែបង្រៀនខ្ញុំនូវភាសាអង់គ្លេសនោះទេ ប៉ុន្តែបានចងភ្ជាប់ចំណេះដឹងរបស់ខ្ញុំជាមួយការគិតបែបត្រិះរិះ។ វាប្រៀបបានជាឧបករណ៍ជំរុញឲ្យខ្ញុំអាចចេញទៅប្រឈមមុខនឹងពិភពលោកដោយទំនុកចិត្ត"។

សុន្ទរកថាអបអរសាទរ និងសាររបស់លោកបណ្ឌិតសាកលវិទ្យាធិការ

លោកបណ្ឌិត Gabriel Ken Gadaffi ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់មួយរូបក្នុងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា បានថ្លែងសុន្ទរកអបអរសាទរដ៏ថ្លៃថ្លា ដោយបញ្ជាក់ថា សញ្ញាបត្រដែលនិស្សិតទទួលបានដោយការខិតខំប្រឹងប្រែង គឺជា "សោគន្លឹះសម្រាប់បើកទ្វារពិភពលោក" ។ លោកបានសរសើរពីការអត់ធ្មត់ និងការខិតខំរបស់និស្សិតក្នុងការសិក្សាវេយ្យាករណ៍ វាក្យសព្ទ និងការប្រាស្រ័យទាក់ទងអន្តរវប្បធម៌ ហើយជំរុញឲ្យសិស្ស-និស្សិតធ្វើដំណើរទៅក្នុងពិភពលោកដោយភាពក្លាហាន។

ជាកិច្ចចាប់ផ្តើមប្រកាសបើកកម្មវិធីជាផ្លូវការ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានចែករំលែកបទពិសោធន៍នៃការសិក្សា និង ប្រវត្តិការងារដ៏មានតម្លៃរបស់លោក ដែលចាប់តាំងពី លោកធ្វើការងារជាមន្ត្រីឥណទានក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់អេស៊ីលីដា រហូត លោកត្រូវបានជ្រើសតាំងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ លោកគូសបញ្ជាក់ថា កត្តាចំបងដែលធ្វើឱ្យលោកជោគជ័យមកដល់សព្វថ្ងៃគឺដោយសារលោកចេះភាសាអង់គ្លេស ដែលលោកបានសិក្សាតាំងពី ឆ្នាំ១៩៩២ ជាពេលវេលាមួយដែលប្រជាជនភាគច្រើនមិនសូវចេះភាសាអង់គ្លេស ដូច្នេះវាជាឱកាសសម្រាប់រូបលោកបានធ្វើការនៅក្នុងធនាគារអេស៊ីលីដារហូតមកដល់សព្វថ្ងៃ។ លើសពីនេះ លោកក៏បានបន្តទៀតថា "ចំណេះដឹងភាសាអង់គ្លេសរបស់ខ្ញុំនេះហើយ គឺជាកត្តាសំខាន់បំផុតដែលបើកទ្វារឲ្យខ្ញុំឈានដល់ឆាកអន្តរជាតិ ដូចជាទៅការ និងទៅប្រជុំនៅតាមបណ្តាប្រទេសនានា ដូចជា ហូឡង់ ឡាវ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។" ដូច្នេះហើយ "ខ្ញុំសូមលើកទឹកចិត្តឲ្យសិស្ស-និស្សិតទាំងអស់គ្នាកុំបោះបង់ការសិក្សាភាសា ព្រោះភាពល្អឥតខ្ចោះ មិនមែនជាគោលដៅទេ ប៉ុន្តែជាដំណើរអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់" ។

អំពីសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

គឺជាស្ថាប័នអប់រំឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ACLEDA Plc. ដែលមានបេសកកម្មផ្តល់នូវ គុណភាពខ្ពស់ នៃអាជីវកម្ម និងការអប់រំភាសា។ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា ជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យទាំង៥របស់សាកលវិទ្យាល័យ នៅតែជាសសរគ្រឹះសំខាន់មួយរបស់សាកលវិទ្យាល័យ ក្នុងការអភិវឌ្ឍជំនាញទំនាក់ទំនងសម្រាប់មេដឹកនាំកម្ពុជាជំនាន់ក្រោយៗ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៥ ចំនួនអ្នកទស្សនាថ្ងៃនេះ: ៤១៣ ចំនួនអ្នកទស្សនាពីម្សិល: ១.៦៨១
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ