navigate_nextសេវាកម្មnavigate_nextកម្មវិធីថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយបរិញ្ញាបត្រnavigate_nextមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចnavigate_nextសាររបស់ព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សាររបស់ព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
សូមស្វាគមន៍មកកាន់ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងជាពិសេស មកកាន់មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច!
ក្នុងនាមមហាវិទ្យាល័យទាំងមូល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ អតីតនិស្សិត និងនិស្សិតឆ្នាំទី១ដែលចាប់ផ្តើមដំណើរសិក្សារបស់ខ្លួន ដែលបានចូលរួមជាមួយនឹងមហាវិទ្យាល័យដែលប្រកបដោយគុណភាពមួយនេះ។
មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យទាំងប្រាំនៅ សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដែលមានដេប៉ាតឺម៉ង់ចំនួនបី គឺដេប៉ាតឺម៉ង់នីតិសាស្ត្រ (បណ្តុះបណ្តាល បរិញ្ញាបត្រ ជំនាញនីតិសាស្ត្រ) ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសេដ្ឋកិច្ច (បណ្តុះបណ្តាល បរិញ្ញាបត្រ ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម) និងដេប៉ាតឺម៉ង់គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ (បណ្តុះបណ្តាល បរិញ្ញាបត្ររង ឯកទេសចលនូបត្ថម្ភ និងបរិញ្ញាបត្រ ជំនាញគ្រប់គ្រងបណ្ដាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ)។
មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ប្តេជ្ញាចិត្តឲ្យក្លាយទៅជាមហាវិទ្យាល័យឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់នៅឆ្នាំ២០៣០ និងនៅលើពិភពលោកនៅឆ្នាំ២០៥០។
បរិយាកាសសិក្សានៅមហាវិទ្យាល័យមានលក្ខណៈសមស្រប និងសម្បូរបែប។ និស្សិតនឹងបានចូលរួមនូវវគ្គសិក្សាជាច្រើនតាមមុខវិជ្ជាជំនាញ បឋកថា សិក្ខាសាលា ការស្រាវជ្រាវ និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីឲ្យពួកគេទទួលបាននូវចំណេះជំនាញពិតប្រាកដ គ្រប់ជ្រុងជ្រោយ។ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូនៅមហាវិទ្យាល័យនេះ ប្រកបដោយគុណវឌ្ឍិ មានវិជ្ជាជីវៈច្បាស់លាស់ និងជាអ្នកជំនាញលើឯកទេស ដែលមានឆន្ទៈចង់បណ្តុះនូវអ្នកដឹកនាំជំនាន់ក្រោយឲ្យបានច្រើនផងដែរ។
មហាវិទ្យាល័យផ្តល់ជូននូវទំនុកចិត្តដល់អ្នកសិក្សា និងជួយជម្រុញគាំទ្រគ្រប់ជំហ៊ាននៃដំណើរសិក្សារបស់និសិ្សត ដើម្បីឲ្យពួកគេសម្រេចបាននូវលទ្ធផលសិក្សាដ៏ត្រចះត្រចង់ និងគោលបំណងការងារ ក៏ដូចជាទទួលបាននូវភាពជោគជ័យនាថ្ងៃអនាគត។
សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាថ្នាលអប់រំដើម្បីភាពជោគជ័យក្នុងអាជីព។
លោក ហុក ពិសិទ្ធ
ព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច