www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង រដ្ឋា លីឌើរស៊ីប ចាប់ដៃគ្នាបង្កើត "ស្ពានអ្នកដឹកនាំកម្ពុជា" ដើម្បីអភិវឌ្ឍធនធានមនុស្ស

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង រដ្ឋា លីឌើរស៊ីប ចាប់ដៃគ្នាបង្កើត "ស្ពានអ្នកដឹកនាំកម្ពុជា" ដើម្បីអភិវឌ្ឍធនធានមនុស្ស

ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦

ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា មជ្ឈមណ្ឌលហ្វឹកហ្វឺន និងអភិវឌ្ឍន៍សហគ្រិនភាព (CETD) នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) យ៉ាងឱឡារិកជាមួយស្ថាប័ន រដ្ឋា លីឌើរស៊ីប (ROTHA LEADERSHIP)។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង លោក ហោ ចាន់រដ្ឋា អគ្គនាយកនៃរដ្ឋា លីឌើរស៊ីប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃស្ថាប័នទាំងពីរ។

ខ្លឹមសារសំខាន់នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះរួមមាន៖

  • ការបង្កើតកម្មវិធី "The Great Leadership For All (GLA)": កិច្ចសហការនេះនឹងបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់មួយ ដែលត្រូវបានប្រសិទ្ធនាមថា "ស្ពានអ្នកដឹកនាំកម្ពុជា"។ កម្មវិធីនេះរៀបចំឡើងដើម្បីបណ្តុះបណ្តាលពលរដ្ឋខ្មែរ យុវជន និងសហគ្រិន ឱ្យមានទស្សនវិស័យទូលំទូលាយ និងសមត្ថភាពដឹកនាំប្រកបដោយប្រសិទ្ធភាព។
  • ការអភិវឌ្ឍចំណេះដឹង និងបំណិនដឹកនាំ: ផ្តោតសំខាន់លើការរៀបចំវគ្គបណ្តុះបណ្តាលដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងបរិបទសង្គម និងសេដ្ឋកិច្ចកម្ពុជា ដោយផ្សារភ្ជាប់ទ្រឹស្តីភាពជាអ្នកដឹកនាំ ទៅនឹងការអនុវត្តជាក់ស្តែងក្នុងវិស័យធុរកិច្ច និងការគ្រប់គ្រង។
  • ការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ: កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជាការផ្លាស់ប្តូរចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងធនធានមនុស្សដែលមានគុណភាព វិន័យ និងសីលធម៌ ដើម្បីជាសសរស្តម្ភទ្រទ្រង់ដល់ការរីកចម្រើននៃសង្គមជាតិទាំងមូល។

តាមរយៈការចាប់ដៃគូនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង រដ្ឋា លីឌើរស៊ីប សង្ឃឹមយ៉ាងមុតមាំថា នឹងក្លាយជាថ្នាលបណ្តុះបណ្តាលដ៏រឹងមាំក្នុងការបង្កើតអ្នកដឹកនាំជំនាន់ក្រោយ ដែលមានសមត្ថភាពខ្ពស់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវាសនាប្រទេសជាតិ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១១ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៥៨៩ ចំនួនអ្នកទស្សនាពីម្សិល: ៣.២៥០
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ