navigate_nextMedianavigate_nextLatest Newsnavigate_nextACLEDA Obtains the License as an Institute of Business
អេស៊ីលីដា ត្រេននីង សេនធ័រ ទទួលបានអាជ្ញាប័ណ្ណជាវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦
ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជនាំមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៌មាននៅថ្ងៃនេះថា អេស៊ីលីដា ត្រេននីង សេនធ័រ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០១១ មានទីតាំងស្ថិតនៅអគារលេខ៥០ ផ្លូវលេខ៥១៦ កែងនឹងផ្លូវលេខ៣៣៥ ភូមិ៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានឈ្មោះថា "វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា" យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ។
លោក ឆន ពន្លឺ នាយក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានមានប្រសាសន៍ថា ការទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានឧត្តមសិក្សា គឺស្របតាមផែនការយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ងគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យធនាគារ និងហិរញ្ញវត្ថុ ដល់សិស្ស-និស្សិត អង្គការជាតិ និងអន្តរជាតិ ទាំងក្នុងនិងក្រៅប្រទេស ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិ ។ វិទ្យាស្ថាន បានវិនិយោគទិញដីជាកម្មសិទ្ធិផ្ទាល់ ទំហំ ៧៥,៧៥០ ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារសិក្សា ដែលមានផាសុខភាព តាមស្តង់ដារអន្តរជាតិចំនួន ៦អគារ ដែលគ្រោងថវិកាចំណាយអស់ប្រមាណជាង ២១ លានដុល្លារសហរដ្ឋអាមរិក សម្រាប់ទីកន្លែងធ្វើការបុគ្គលិកចំនួន ៦២៧នាក់ និងទទួលសិស្ស-និស្សិតចំនួន ២,៨៦៦នាក់ ក្នុងមួយវេន ។ វិទ្យាស្ថាន នឹងមានអគារបណ្ណាល័យចំនួន ០១អគារ មានក្រឡាផ្ទៃសរុបចំនួន ១,៦៥១.៣៧ ម៉ែត្រក្រឡា និងអគារអន្តេវាសិកដ្ឋានចំនួន ០២អគារ អាចទទួលឲ្យសិស្ស-និស្សិតស្នាក់នៅចំនួន ៣៦២នាក់ ហើយគម្រោងសាងសង់អគារទាំងអស់នេះ នឹងត្រូវបញ្ចប់រួចរាល់នៅឆ្នាំ២០១៨ ។
នៅក្នុងឱកាសដ៏ពិសេសនេះ ភាគទុនិកដែលកាន់កាប់ភាគហ៊ុន១០០ភាគរយ របស់វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា តំណាងដោយ បណ្ឌិត សូ ផនណារី ប្រធាននាយកប្រតិបត្ដិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការបង្កើតវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺជាសក្ខីកម្មបង្ហាញពីការបេ្ដជ្ញាចិត្តខ្ពស់មួយបន្ថែមទៀត ក្នុងការរួមចំណែកក្នុងវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ លើមុខជំនាញហិរញ្ញវត្ថុ និងធនាគារ ជូនដល់សិស្ស-និស្សិត អង្គការជាតិ និងអន្តរជាតិ ទាំងក្នុងនិងក្រៅប្រទេស ។
លោកស្រីបណ្ឌិត បានមានប្រសាសន៍បន្តទៀតថា សិស្ស-និស្សិតដែលទទួលបានការបណ្តុះបណ្តាលពី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងមានសមត្ថភាពគ្រប់គ្រាន់ មានវិជ្ជាជីវៈពិតប្រាកដ លើជំនាញធនាគារ និងហិរញ្ញវត្ថុ ក្នុងការចូលបម្រើការងារជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងនៅក្នុងប្រទេស បណ្តាប្រទេសសហគមន៍អាស៊ាន និងអន្តរជាតិ ។ សិស្ស-និស្សិត ដែលបញ្ចប់ការសិក្សាដោយជោគជ័យ ត្រូវទទួលសញ្ញាបត្រតាមកម្រិតដែលបានសិក្សា ដោយមានការទទួលស្គាល់ពីវិទ្យាស្ថាន និងពីក្រសួងអប់រំ យុវជន និងកីឡា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទ្រព្យសកម្មសរុបចំនួនជាង ៣.៨៤៤ លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ២.៤៥៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ២.៦១៦ លានដុល្លារអាមេរិក គិតត្រឹមខែធ្នូ ឆ្នាំ២០១៥ នេះ ។
វីដេអូ Animation ស្តីពីគម្រោងសាងសង់អគារ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ៖
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន ធនាគារ អេស៊ីលីដា ភីអិលស៊ី
អ៊ីម៉ែល ៖ visoth@acledabank.com.kh
លោក ឆន ពន្លឺ
នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា
អ៊ីម៉ែល ៖ chhan.ponloeu@acledabank.com.kh