navigate_nextសេវាកម្មnavigate_nextការស្រាវជ្រាវ និងនវានុវត្តន៍navigate_nextអត្ថបទព័ត៌មានធុរកិច្ចnavigate_nextEconomy
អត្ថបទព័ត៌មានធុរកិច្ច
Economy
រដ្ឋាភិបាលនឹងបង្កើត Digital ID ដែលអនុញ្ញាតឲ្យពលរដ្ឋម្នាក់ៗយកទៅប្រើបានសព្វគ្រប់
ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩
ភ្នំពេញ ៖ រដ្ឋាភិបាលគ្រោងធ្វើព័ត៌មានសាវតាបុគ្គល ឬអត្តសញ្ញាណបុគ្គលតាមឌីជីថល (Digital Identity) សម្រាប់ពលរដ្ឋម្នាក់ៗ នៅក្នុងអំឡុងឆ្នាំ២០២២ ខាងមុខនេះ ។
Digital ID នេះ ត្រូវធ្វើសម្រាប់ពលរដ្ឋម្នាក់ៗ គឺចាប់ពីគេកើតមកភ្លាម ហើយប្រើវាពេញមួយជីវិត ។ ព័ត៌មានមូលដ្ឋាន ឬសាវតាររបស់បុគ្គលនោះ គឺមានក្នុងប្រព័ន្ធឌីជីថល ។ ហើយខ្លួនគេកាន់លេខកូដអត្តសញ្ញាណ សម្រាប់ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនទាំងនោះ ។ គេនឹងប្រើ Digital ID នេះក្នុងជីវភាពរស់នៅ ដូចជាធ្វើលិខិតឆ្លងដែន ផ្ទេរកម្មសិទ្ធដីធ្លី ចុះបញ្ជីបង់ពន្ធ ធ្វើស្លាកលេខយានយន្ត បង្កើតគណនីធនាគារជាដើម ដោយគ្រាន់តែមានលេខអត្តសញ្ញាណនេះ ។
ក្នុងការត្រួសត្រាយរៀបចំសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ការធ្វើ Digital ID សម្រាប់ពលរដ្ឋម្នាក់ៗ កំពុងស្ថិតក្នុងការពិចារណារបស់អ្នកធ្វើគោលនយោបាយ។ នេះជាអ្វីដែលត្រូវបានពិភាក្សាក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីគោលនយោបាយ និងទិសដៅសេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលរៀបចំឡើងនៅថ្ងៃទី១២-១៣ ខែកុម្ភៈ ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្ដីព្រាងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល បានថ្លែងដូច្នេះថា ៖ "ខ្ញុំថា Digital ID ជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ឬរដ្ឋាភិបាលឌីជីថល ហើយប្រទេសទាំងអស់គេធ្វើទៅហើយ" ។
តែកាន់ច្បាស់ជាងនេះទៅទៀត អំពីការផែនការធ្វើ Digital ID នេះ គឺតាមរយៈការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ។ លោក តុប នេត អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ការធ្វើ Digital ID នេះ គឺមានក្នុងផែនការយុទ្ធសាស្ត្រជាតិ ២០១៧-២០២៦ រួចមកហើយ ដែលការងារនេះនឹងលេចឡើងអំឡុងឆ្នាំ២០២១ ឬ២០២២ ខាងមុខនេះ ។
តើឯកសារផ្ទាល់ខ្លួន ដូចជា សំបុត្រកំណើត អត្តសញ្ញាណបណ្ណ នៅប្រើទៀតទេពេលធ្វើឌីជីថលអាយឌី ?
លោក តុប នេត ប្រាប់ថា ឯកសារសាវតារបុគ្គលនៅតែប្រើ តែនឹងធ្វើដោយប្រព័ន្ធឌីជីថល ជំនួយឲ្យការធ្វើដោយដៃ ។ លោកពន្យល់ថា ពេលដែលកើតមកភ្លាម គេទទួលបានលេខអត្តសញ្ញាណផ្ទាល់ខ្លួនមួយ ដែលភ្ជាប់មកនូវសាវតាររបស់ខ្លួន ។ ហើយបើគេចង់បានសំបុត្រកំណើត អត្តសញ្ញាណបណ្ណជាដើម គេគ្រាន់តែផ្ដល់លេខអត្តសញ្ញាណដល់មន្ត្រី នោះគេនឹងទទួលបានឯកសារទាំងនោះដែលព្រីនចេញពីប្រព័ន្ធកុំព្យូទ័រ ជំនួសឲ្យការធ្វើដោយដៃ ដែលអាចមានការកត់ចម្លងខុស ។
ហើយការប្រើលេខអត្តសញ្ញាណនេះ នឹងទាមទារនូវស្នាមមេដៃរបស់សាម៉ីខ្លួន ដើម្បីចៀសវាងការក្លែងបន្លំ៕
បានទទួលការអនុញ្ញាតផ្សាយបន្ត ពី thmeythmey.com